សម្ល-នំបញ្ចុកណាំព្រិក

គ្រឿងផ្សំ៖
សាច់បង្កង ត្រីឆ្អើ សណ្ដែកដី សណ្ដែកបាយ ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រហម ផ្លែក្រូចសើច អំពិលទុំ ដូងទុំ ស្ករក្រហម ខ្លាញ់រាវ ត្រកួន សណ្ដែកបណ្ដុះ ត្រយូងចេក ល្ហុង ស្លឹកខ្ទឹមម្ទេសដៃនាងទុំ នំបញ្ចុក។
វិធីធ្វើ៖
១ – បង្កងលាងទឹកដាក់ស្លោរឲ្យស្អាតឲ្យឆ្អិន ទើបស្រង់មកបកយកសាច់បុកឲ្យល្អិត
២ – ត្រីឆ្អើកេះបកសំបកបុកឲ្យម៉ដ្ឋ ។
៣ -សណ្ដែកដី សណ្ដែកបាយលីងឲ្យឆ្អិន បកសំបកចេញ បុកឲ្យម៉ដ្ឋ
៤ – ខ្ទឹមស ខ្ទឹមក្រហម ហាន់បន្ទះស្ដើងៗ បំពងខ្លាញ់ ។
៥ – យកម្ទេសក្រហមឆ្កឹះគ្រាប់លាងទឹកបុកឲ្យម៉ដ្ឋ ។
៦ – កោសដូងពូតយកក្បាលខ្ទិះស្លជាប្រេង ហើយដួសកាកប្រេងទុក ចាក់ចូលលាយបន្តិច រួចយកម្ទេស បុកផាត់ឲ្យឈ្ងុយដួសដាក់ចានទុក
៧ – យកទឹកស្ងោរបង្កងទៅដាំ ដាក់អំពិលទុំបន្តិចផ្លែក្រូចសើចពុះជាពីរ ច្របាច់ទឹកដាក់ហើយបង់ទាំង សំបកផង ( បើទឹកមួយកូនឆ្នាំងដាក់ផ្លែក្រូចសើច ៣ ) ដាក់អំបិល ទឹកត្រីស្ករក្រហម ម្សៅស៊ុប ដាំឲ្យពុះ ២-៣ អំពុះ ភ្លក់មើលឲ្យល្មម ទើបដាក់ចុះ យកស្បៃមកត្រងឲ្យស្អាត ។
៨- យកត្រីឆ្អើ សាច់បង្កង សណ្ដែកដី សណ្ដែកបាយ ម្ទេសផាត់ កាកប្រេងដូង មកបុកក្រហុកចូលគ្នា ទើបដួសដាក់ចានគោមធំ ហើយដួសទឹកស្ងោរបន្តិចចាក់ យកវែកញីឲ្យបែកចូលគ្នា ទើបចាក់ទៅក្នុងឆ្នាំងស្ងោរទៅ វិញ ដាក់ខ្ទឹមបំពងកូរចូលគ្នាឲ្យសព្វ ទុកទទួលទានជាមួយនំបញ្ចុក ។
៩- ត្រកួនកាត់គល់ចោល កាត់ប្រវែងពីរថ្នាំងដៃ ពុះជាបួនស្ងោរឲ្យឆ្អិនហើយយកខ្លាញ់រាវមកប្រឡាក់ ឲ្យសើមៗ
១០- សណ្ដែកបណ្ដុះបេះកន្ទុយលាងទឹកឲ្យស្អាត ។
១១- ត្រយូងចេកបកយកស្រទាប់ខ្ចីៗ មកហាន់ជាសរសៃឆ្មារៗ ដាក់ត្រាំទឹកម្ជូរក្រូចឆ្មារឲ្យជ្រះជ័រ ។
១២- ល្ហុងចិតសំបកលាងទឹកឲ្យស្អាត ឈូសជាសរសៃឆ្មារ ។
របៀបរៀបល្បោយដាក់ចាន៖
១- យកនំបញ្ចុកមករៀបឆ្វាយអង្វេលដាក់ចានសំប៉ែត យកដើមខ្ទឹមឆូតបញ្ជិតៗ សងខាងហើយពុះជាពីរ ត្រាំទឹកឲ្យរីក ដូចជើងក្អែប ដាក់លើនំ យកម្ទេសនាងដៃទុំ ចិតជាផ្កាដាក់ចុងដើម ។
២- យកត្រកួនរៀបដាក់ឆ្លាស់គ្នា នឹងសណ្ដែកបណ្ដុះត្រយូងចេក ល្ហុង។
Post a Comment