សម្ល-ខគ្រឿងត្រីល្អិត

1
នេះ​គឺ​ជា​មុខ​ម្ហូប​មួយ ​ដែល​បាន​យក​មក​តាំង​បង្ហាញ​នៅ​ពិធី​បង្ហាញ​ម្ហូប​អាហារ​ខ្មែរ​កាល​ពី​ល្ងាច​មិញ​នេះ ​នៅ​ស្តង់​ខេត្ត​ស្វាយ​រៀង​ ឯ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ រៀប​ចំ​ឡើង​ដោយ ​អង្គការ​​ដើម្បី​ភាព​ញញឹម​នៃ​កុមារ។ គ្រាន់​តែ​ស្តាប់​ឈ្មោះ​ អ្នក​ប្រហែល​ជា​គិត​ថា ​ម្ហូប​នេះ​យក​ត្រី​ទៅ​ខ​ជា​ការ​ស្រាច់​ ក៏​ប៉ុន្តែ​អ្នក​ស្វាយ​រៀង​មិន​បាន​ធ្វើ​អញ្ចឹង​ទេ។ ចុះ​ គេ​ធើ្វ​ម្ហូប​នេះ​យ៉ាង​ម៉េច​ទៅ​វិញ?
អ្នក​គ្រូ ​អូប​ សុគន្ធ​នារតី​ ជា​ចុង​ភៅ​ប្រចាំ​ស្តង់​ខេត្ត​ស្វាយ​រៀង​ និង​ជា​អ្នក​ខេត្ត​ស្វាយ​រៀង​ផ្ទាល់​​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ម្ហួប​នេះ​ជា​អាហារ​​ដែល​អ្នក​ស្វាយ​រៀង​និយម​បរិភោគ​ ហើយ​អ្នក​ខេត្ត​ស្វាយ​រៀង​ណា​ក៏​ស្គាល់​ពី​ម្ហូប​នេះ​ដែរ។ ម្ល៉ោះ​ហើយ​ ទើប​អ្នក​គ្រូ​សម្រេច​​លើក​យក​ម្ហូប​នេះ​មក​តាំង​បង្ហាញ​ ជា​តំណាង​ឲ្យ​ខេត្ត​ស្វាយ​រៀង​តែ​ម្ដង​ទៅ។
អ្នក​គ្រូ​ដដែល​បាន​បន្ថែម​ថា​ គ្រឿង​ផ្សំ​ម្ហូប​នេះ​សុទ្ធ​តែ​ងាយ​ស្រួល​រក​ ព្រោះ​ប្រើ​គឿង​ បន្លែ​ និង​សាច់​ក្នុង​ស្រុក​ទាំង​អស់​។ អ្នក​គ្រូ​បាន​បញ្ជាក់​ថា​ ម្ហូប​នេះ​គ្មាន​រស​ជាតិ​ផ្អែម​ដូច​ជា​ខ​នោះ​ទេ។ ប៉ុន្តែ​មូលហេតុ​ដែល​ដាក់​ឈ្មោះ​បែប​នេះ ​ក៏​ដោយ​សារ​តែ​អ្នក​ស្វាយ​រៀង​គេ​និយម​ហៅ​ម្ហូប​នេះ​ថា​ជា​ខ។
អ្នក​គ្រូ ​នារតី​ មាន​ពន្យល់​ពី​របៀប​ចម្អិន​ថា​ ដំបូង​ត្រូវ​យក​ស្លឹក​គ្រៃ​ (ទាំង​គល់​ និង​​ស្លឹក​) រមៀត​ ខ្ទឹម​ស​ រំដេង ​ហាន់ ​ហើយ​បុក​បញ្ចូល​គ្នា។ កូន​ត្រី​ និង​​កំពឹស​ត្រូវ​យក​ទៅ​ចំហុយ​ឲ្យ​ឆ្អិន​សិន​ រួច​យក​ទៅ​ប្រឡាក់​គឿង​ ហើយ​ដាក់​អំបិល​ ស្ករ ​ប៊ីចេង​ និង​ច្របាច់​ក្រូច​ឆ្មារ​។ បន្ទាប់​មក​យក​ទៅ​ដាក់​ក្នុង​ឆ្នាំង​ចំហុយ​ឲ្យ​ដាច់​ទឹក​ រួច​ដួស​ដាក់​ចាន​យក​ស្លឹក​ម្រះ​ព្រៅ​ និង​ស្លឹក​ក្រូច​សើច​រោយ​ពី​លើ​ជា​ការ​សេ្រច​។
សម្រាប់​ការ​ទទួល​ទាន​ម្ហូប​នេះ ចាំបាច់​​ត្រូវ​​មាន​​អន្លក់​ខ្ចី​ ផ្ទាប់​ជា​មួយ​ផង​ ទើប​ជម្រុញ​ឲ្យ​រស​ជាតិ​កាន់​តែ​ឆ្ងាញ់។
យ៉ាង​ណា​ដែរ​ ម្ហូប​អ្នក​ស្វាយ​រៀង​មួយ​មុខ​នេះ? បើ​ចង់​ទៅ​ភ្លក់​រស​ជាតិ​ផ្ទាល់​ តោះ​ទៅ​ស្តង់​របស់​ខេត្ត​ស្វាយ​រៀង​ល្ងាច​នេះ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ទាំង​អស់​គ្នា។ ​