ចៀន-បាយលីងលាក់មុខ

1
គ្រឿង​ផ្សំ៖
បាយ ប្រេងឆា សាច់​ជ្រូក ថ្លើម​ជ្រូក ផ្សិត​ចំបើង សាច់ក្រក ប៉េងប៉ោះ ខ្ទឹម​បារាំង ស៊ុតទា គល់ខ្ទឹម ខ្ទឹមស ស្លឹក​ជីវ៉ាន់ស៊ុយ អំបិល ទឹក​ត្រី ទឹក​ខ្មេះ ស្ករ​ស ទឹក​ស៊ីអ៊ីវ ម្សៅ​ស៊ុប ម្ទេស​ប្លោក​ស្រស់ សាឡាដ។
វិធីធ្វើ៖
1 ពន្លះ​សាច់​ជ្រូក ហាន់​ជា​បន្ទះ​ស្ដើងៗ​តូច​ល្មម​ប៉ុនៗ​គ្នា ថ្លើម​ជ្រូក​ឆូត​ទទឹងៗ សាច់​ក្រក​ហាន់​បញ្ឆិត​ស្ដើងៗ ខ្ទឹម​បារាំង​ហាន់​បណ្ដោយ​វែងៗ ផ្សិត​ចំបើង​ពុះ​ជា​បួន គល់​ស្លឹក​ខ្ទឹម​កាត់​ខ្លីៗ​ពុះ​ជា​ពីរ។
2 ដាំ​ខ្ទះ​ចាក់​ខ្លាញ់​ទុក​ឱ្យ​ក្ដៅ ដាក់​ស៊ុត​ទា (វាយ​ឱ្យ​បែក) ក្រលែង​ឱ្យ​ស្ដើង​ទុក​ឱ្យ​ឆ្អិន ទើប​ដួស​មក​ដាក់​ហាន់​ជា​សរសៃ​ឆ្មារៗ ម្ទេស​ប្លោក​ស្រស់​ពុះ​ជា​ពីរ ឆ្កីះ​គ្រាប់​ចេញ ហាន់​ជា​សរសៃ​ឆ្មារៗ​ដែរ ច្របល់​ជាមួយ​នឹង​ស៊ុត​ទា​ដាក់​ចាន​ទុក​មួយ​អន្លើ។
3 ដាំ​ខ្ទះ​ចាក់​ប្រេង​ឆា​ទុក​ឱ្យ​ក្ដៅ ដាក់​ខ្ទឹម​ស ចិញ្ច្រាំ​បំពង​ឱ្យ​ឈ្ងុយ ហើយ​ដាក់​បាយ អំបិល​ម៉ដ្ឋ ប៉េងប៉ោះ លីង​ឱ្យ​ស្ងួត (ដុត​ភ្លើង​តិចៗ) ទើប ដួស​ដាក់​ចាន​ទុក។
4 លាង​ខ្ទះ​ឱ្យ​ស្អាត ចាក់​ខ្លាញ់​ទុក​ឱ្យ​ក្ដៅ ដាក់​ខ្ទឹម​ស​ចិញ្ច្រាំ​បំពង​ឱ្យ​ឈ្ងុយ ហើយ​ដាក់​សាច់​ជ្រូក ថ្លើម​ជ្រូក សាច់​ក្រក ផ្សិត​ចំបើង ចាក់​ទឹក​ត្រី ទឹក​ស៊ី​អ៊ីវ ទឹក​ខ្មេះ ស្ករ​ស ម្សៅ​ស៊ុប ឆា​ត្រឡប់​ចូល​គ្នា​ឱ្យ​ឆ្អិន​ទើប​ដាក់​ខ្ទឹម​បារាំង និង​គល់​ស្លឹក​ខ្ទឹម​កូរ​ចូល​គ្នា ភ្លក្ស​មើល​ឱ្យ​ល្មម​ដួស​ដាក់​ចាន​ទុក។
5 យក​ចាន​ចង្កីះ​រាង​មូល​ដាក់​បាយ​លីង​កន្លះ​ចាន ហើយ​ដួស​សាច់​ឆា​ដាក់​កណ្ដាល រួច​យក​បាយ​លីង​ដាក់​ពី​លើ​ញាត់​ឱ្យ​ណែន ទើប​យក​ទៅ​ផ្កាប់​លើ​ចាន​សំប៉ែត រៀប​សាឡាដ​ទ្រាប់​ពី​ក្រោម គោះ​ឱ្យ​ធ្លាក់​ពី​ក្នុង​ចាន (ប្រយ័ត្ន​កុំ​ឱ្យ​បែក) ហើយ​រោយ​ស៊ុត​ទា និង​ម្ទេស​ផ្លោក​ពី​លើ រោយ​ម្រេច​បុក និង​ស្លឹក​ជីវ៉ាន់​ស៊ុយ​ថែម​មួយ​ជាន់​ទៀត។
កុំ​ភ្លេច​សាក​ល្បង​ធ្វើ​ទាំង​អស់​គ្នា!