បង្អែម-ចេកឆឹងស្ករបែបអឺរ៉ុបរសជាតិដ៏ស្រទន់

1
ភ្នំពេញ : គ្រាន់​តែ​មក​ដល់​អគារ​ឡារ៉ូស ពណ៌​ស​ដ៏​ស្កឹម​ស្កៃ​លើ​ដង​វិថី​ព្រះ​នរោត្តម ក្លិន​ស្លឹក​គ្រៃ​ដ៏​ក្រអូប​ឈ្ងុយ​ឈ្ងប់​បាន​ភាយ​ចេញ​មក​ធ្វើ​ឲ្យ​បណ្ដា​ ភ្ញៀវ​ដែល​មក​ទីនេះ​មាន​អារម្មណ៍​ល្ហែ​ល្ហើយ​ផ្លូវ​កាយ​ចិត្ត។ ក្រៅ​ពី​បម្រើ​ការ​ជា​សណ្ឋាគារ​ប្រភេទ​ប៊ូទិក និង​កន្លែង​ស្ប៉ា​នោះ ឡារ៉ូស​ក៏​មាន​ភោជនីយដ្ឋាន​នៅ​ជាន់​ក្រោម​ដែល​មាន​បរិយាកាស​ដ៏​សែន​មនោរម្យ​ បំភ្លឺ​ដោយ​ពន្លឺ​ភ្លើង​ដ៏​ស្រទន់។ ផ្ទាំង​គំនូរ កញ្ចក់​ក្បាច់ ទម្រ​ទៀន និង​វាំង​នន​ស្បៃ​ធ្វើ​ឲ្យ​បន្ទប់​ទទួល​ទាន​ជញ្ជាំង​ពណ៌​ក្រហម​នេះ​មាន​ភាព​ ប្រពៃ​ឥត​ខ្ចោះ។
គ្រាន់​តែ​ចូល​អង្គុយ​ភ្លាម បុគ្គលិក​នារី​ដ៏​រួសរាយ​រាក់ទាក់​បាន​ចេញ​មក​ជម្រាប​សួរ​ស្វាគមន៍​យ៉ាង​កក់ ​ក្ដៅ ជាមួយ​នឹង​បញ្ជី​រាយ​នាម​មុខ​ម្ហូប ភេសជ្ជៈ បង្អែម និង​ស្រា​ក្រឡុក​ជា​ច្រើន​មុខ​ផង​ដែរ។ ចំណី​គួរ​ឲ្យ​ទាក់​ភ្នែក​ជាង​គេ​នោះ​គឺ Banana Palm ដែល​ចម្អិន​ដោយ​ប្រើ​ចេក​ពង​មាន់ ស្ករ​ត្នោត ទឹក​ក្រែម ទឹកដូង សម្រាប់​ទទួល​ទាន​ជាមួយ​ចំណិត​ផ្លែ​ម្នាស់ និង​ឪឡឹក។ វិធី​ចម្អិន​បង្អែម​កូន​កាត់​នេះ​គឺ​ដំបូង​ត្រូវ​យក​ស្ករ​ត្នោត​រម្ងាស់​ ជាមួយ​ទឹក​ដូង​ឲ្យ​ឡើង​ខាប់​អន្ធិល រួច​ចាក់​ទឹក​ក្រែម​ចូល។ ចាប់​ផ្ដើម​រៀប​ផ្លែ​ឈើ​លើ​ចាន រួច​យក​ទឹក​ខ្ទិះ​ស្ករ​រម្ងាស់​រួច​នោះ​ទៅ​ស្រូប​ពី​លើ​ចេក​នោះ​ជា​ការ​ ស្រេច។ ឡារ៉ូស ដែល​មាន​បម្រើ​អាហារ​បី​ពេល ព្រម​ទាំង​កាហ្វេ​ភេសជ្ជៈ​ផ្សេងៗ​ភ្ជាប់​នឹង​សេវា wifi នោះ​ស្ថិត​នៅ​អគារ​លេខ​១៦៤B មហា​វិថី​ព្រះ​នរោត្តម។ ទាក់ទង​ទូរស័ព្ទ​លេខ ០៦៨ ៧៧ ៧៧ ៧៧៕