ឆា-មីអ៊ីតាលីម្រះព្រៅពី Vego
សប្ដាហ៍នេះខ្ញុំនឹងនាំលោកអ្នកទៅស្គាល់ហាងបើកថ្មីមួយកន្លែង ដែលមានការរចនាតុបតែងយ៉ាងត្រជាក់ភ្នែក និងប្រកបដោយផាសុកភាព។ នោះគឺហាង Vego Salad Bar ដែលគ្រាន់តែឮឈ្មោះភ្លាម លោកអ្នកប្រាកដជានឹកឃើញដល់បន្លែបៃតង លឿង និងក្រហមស្រស់ៗស្រូបដោយទឹកជ្រលក់ជូរតិចៗជាមិនខាន។ ប៉ុន្តែតាមការពិត ភោជនីយដ្ឋាននេះមានបម្រើម្ហូបអាហារបែបខ្មែរ និងបរទេសជាច្រើនមុខទៀត បន្ថែមពីលើអាហារផ្សំពីជម្រើសបន្លែសាលាដចម្រុះតម្រៀបគ្នាជា ច្រើនមុខ។ ថ្ងៃនេះខ្ញុំសូមបង្ហាញនូវអាហារកូនកាត់អាស៊ីអឺរ៉ុបគឺស្បាយ ហ្គេតធីគ្រឿងសមុទ្រម្រះព្រៅ ដែលមានក្លិនឈ្ងុយឈ្ងប់គួរឲ្យចង់ស្រក់ទឹកមាត់តែម្ដង។
គ្រឿងគ្រៅសម្រាប់ចម្អិន ស្បាយហ្គេតធី ឬមីអ៊ីតាលីគ្រឿងសមុទ្រនេះរួមមាន មីអ៊ីតាលី បង្គា មឹក ប៉េងប៉ោះ ប៉េងប៉ោះហាលក្រៀម ផ្កាខាត់ណាបៃតង ប្រូខូលី ការ៉ុត ម្ទេសប្លោក ផ្សិតស ស្លឹកម្រះព្រៅ ឈីស Feta ឈីស Parmesan ប្រេងអូលីវ ទឹកក្រែម និងខ្ទឹមស។
ដំបូងត្រូវយកមីអ៊ីតាលីទៅស្ងោរឲ្យផុយ។ បន្ទាប់មកយកគ្រឿងសមុទ្រទៅលាងទឹកឲ្យស្អាត។ យកខ្ទះចាក់ប្រេងអូលីវរួចឆាគ្រឿងសមុទ្រជាមួយខ្ទឹមស មុននឹងបន្ថែមទឹកក្រែម១ស្លាបព្រា ផ្កាខាត់ណាបៃតងប្រូខូលី ការ៉ុត ម្ទេសប្លោក ផ្សិតស ស្លឹកម្រះព្រៅ ប៉េងប៉ោះក្រៀម និងប្រេងអូលីវនោះជាការស្រេច។
នៅពេលដែលគ្រឿងផ្សំខាងលើឆ្អិនល្មមហើយ ត្រូវបន្ថែមឈីស Feta ហើយកូរឲ្យសព្វរយៈពេល១នាទី។ បន្ទាប់មកត្រូវបន្ថែមឈីស Parmesan និងកូនប៉េងប៉ោះតូចៗ។ ដំណាក់កាលចុងក្រោយ ត្រូវដាក់មីអ៊ីតាលីចូលជាមួយគ្រឿងខាងលើនោះជាការស្រេច។
Post a Comment