ញាំ-ទឹកគ្រឿងកាពិ

1

គ្រឿងផ្សំ
កាពិល្អ ខ្ទឹមស ខ្ទឹមក្រហម ម្ទេសខ្មាំង ត្រប់រោម ទឹកត្រី ទឹកខ្មេះ ក្រូចឆ្មារ ស្ករ ម្សៅស៊ុប ខ្លាញ់រាវ
ដូងទុំ ត្រួយល្ពៅ ស្អំ ត្រកួន ត្រយូងចេក ត្រប់ស្រួយ សណ្តែកគួរ ត្រប់វែង ផ្កាស្នោ ផ្កាចំប៉ី។
វិធីធ្វើទឹកគ្រឿងកាពិមាន២បែប
១-យកត្រប់រោមទុំ កោសរោមចេញ ហាន់ស្តើងៗបុកលាយជាមួយនិងខ្ទឹមស ខ្ទឹមក្រហម កាពិ ម្ទេសខ្មាំង (សុទ្ធតែប្រើឆៅទាំងអស់) ចូលគ្នាឱ្យម៉ដ្ឋ ហើយច្របាច់ក្រូចឆ្មាចាក់ទឹកខ្មេះ ទឹកត្រី ស្ករស
ម្សៅស៊ុប កូរចូលគ្នាឱ្យសព្វ ភ្លក្សមើលឱ្យល្មមតាមចូលចិត្ត ។
វិធីធ្វើមួយបែបទៀត
២-ត្រីឆ្អើបេះយកសាច់លីងជាមួយខ្ទឹមស ខ្ទឹមក្រហម ម្ទេសខ្មាំងឱ្យឈ្ងុយ ហើយបុកឱ្យល្អិត (លីង ដាក់ខ្លាញ់បន្តិច) កាពិចៀនឱ្យឆ្អិនដាក់បុកជាមួយត្រីឆ្អេិ ទើបបារដាក់កូនចាន ច្របាច់ក្រូចឆ្មា ចាក់ទឹកត្រី ស្ករ ម្សៅស៊ុប ដាក់ទឹកក្តៅបន្តិច កូរចូលគ្នាឱ្យសព្វ ភ្លក្សមើលឱ្យល្មម។
វិធីចំអិនអន្លក់ក៏មានពីរបែបដែរ
១-ត្រួយល្ពៅសកឱ្យស្អាត ស្អំបេះយកស្លឹកខ្ចីៗ ត្រយូងចេកសកស្រទាប់ខ្ចី កាត់ជាកំណាត់ៗ ត្រាំទឹក ម្ជូរឱ្យស សណ្តែកគួរ ត្រកួនកាត់វែងៗ ត្រប់ស្រួយកាត់ក្បាលលាងទឹក ។
២-កោសដូងពូតយកខ្ទិះធម្មតា ដាក់ស្ងោរអន្លក់ទាំងអស់នេះឱ្យឆ្អិន ទើបរៀបដាក់ចានសំប៉ែត ចំណែកស្អំត្រូវយកខ្ទិះរម្ងាស់ឱ្យខាប់ ដាក់ស្អំត្រលប់ចុះឡើង (ឱ្យកាន់តែស្រពោន) ។
វិធីចំអិនមួយបែបទៀត
៣-ស៊ុតទាគោះដាក់ចានវាយឱ្យបែក។
៤-ផ្កាស្នោ ផ្កាចំប៉ី លាងទឹកឱ្យស្អាត ត្រប់វែងចិតសំបកកាត់កង់ៗចិតជាបន្ទះៗដាក់ត្រាំទឹក ស្អំបេះ យកស្លឹកខ្លីៗ។
៥-ដាំខ្ទះចាក់ខ្លាញ់ទុកឱ្យក្តៅ យកផ្កាស្នោ ស្អំ ផ្កាចំប៉ី ត្រប់វែង ជ្រលក់និងស៊ុតទាដាក់ចានឱ្យឆ្អិន។
សេចក្តីបញ្ជាក់ ៖ កាលណាគេធ្វើទឹកគ្រឿងកាពិ ត្រូវចំអិនអន្លក់ឱ្យបានច្រើនមុខ (ទើបមានឱជារស ឆ្ងាញ់) តែបើមិនចូលចិត្តអន្លក់ឆ្អិនទេ អាចប្រើអន្លក់ឆៅជំនួសក៏បាន តាមការចូលចិត្តរៀងៗខ្លួន ។