សម្ល-នំបញ្ចុកខ្មែរឡើងស៊េរី

1
អ្នក​ប្រហែល​ជា​ធ្លាប់​តែ​ញុំា​នំ​បញ្ចុក​ដែលគេ​រែក​លក់ ​ឬ​លក់​លើ​គ្រែ​តូច​ៗ​តែ​ប៉ុណ្ណោះ​ ក៏​ប៉ុន្តែ​ឥលូវ​នេះ​នំ​បញ្ចុក​ខ្មែរ​ឡើង​ស៊េរី​ដល់​លក់​នៅ​ក្នុង​ហាង​​ ទំនើប​ហើយ។ តើ​អ្នក​ដឹង​ថា ​មាន​នៅ​កន្លែង​ណា​​ទេ? ពេល​នេះ​ Sabay សូម​ណែ​នាំ​ហាង​មួយ​កន្លែង​ដែល​អ្នក​អាច​អង្គុយ​ញុំា​នំ​បញ្ចុក​ប្រកប​ដោយ​ ផា​សុខភាព​ និងមាន​​ឱជារស​ឆ្ងាញ់​ជាប់​មាត់។
បើ​ជិះ​តាម​បណ្ដោយ​ផ្លូវ​១៩៣​ ខាង​លិច​ផ្សារ​អូឡាំពិក ​អ្នក​នឹង​ប្រទះ​ឃើញ​ហាង​មួយ​​ដ៏​ទាក់​ទាញ​ និង​មាន​ស្លាក​យី​ហោ​ពណ៌​បៃតង​ដែល​សរសេរ​ថា “នំបញ្ចុក​កោះ​កុង​”។ ការ​តុប​តែង​ហាង​លក្ខណៈ​ស្ទីល​ខ្មែរ​​ដោយ​អំពូល​ភ្លើង​កែ​ច្នៃ​លម្អ​ដោយ​ ល្អី​ និង​ចង្អេរ​ មាន​តុ​ឈើ​តូច​ៗ​សម្រាប់​អង្គុយ​គ្នា​ពីរ​ៗ​នាក់​ និង​តុ​ឈើ​វែងៗ​ស័ក្ត​សម​​បំផុត​ក្នុង​ការ​ទទួល​ទាន​ជា​លក្ខណៈ​គ្រួសារ​ ជួប​ជុំ​​មិត្ត​ភ័ក្តិ​។
លោក​ កៀក​ ឆាយ​ ម្ចាស់​ហាង​រូប​នេះ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ដោយ​សារ​តែ​គាត់​ចង់​លើក​ស្ទួយ​ដល់​នំបញ្ចុក​ខ្មែរ និង​ចង់​ផ្ដល់​បរិយាកាស​រីក​រាយ​ ដល់​អតិថិជន​តាម​រយៈ​ការ​អង្គុយ​ទទួល​ទាន​នំ​បញ្ចុក​ដែល​មាន​ទាំង​ឱជារស​ ឈ្ងុយ​ឆ្ងាញ់​ អនាម័យ​ល្អ ​និង​ផាសុខភាព ទើប​សម្រេច​ឲ្យ​គាត់​បើក​ហាង​នេះ​ឡើង​។
គេ​ថា​ “ម្ហូប​ឆ្ងាញ់​នឹង​អន្លក់​” ពិត​ណាស់​! ជា​ពិសេស​នំ​បញ្ចុក​នេះ​តែ​ម្ដង។ ពេល​អ្នក​ដើរ​ចូល​ទៅ​ក្នុង​ហាង​អ្នក​នឹង​​ឃើញ​មាន​អន្លក់​ស្រស់​ៗ​៧-៨​​មុខ​ តាំង​តម្រៀប​នៅ​លើ​តុ រង់​ចាំ​អ្នក​ចាប់​ដាក់​ចាន​នំ​បញ្ចុក​។
ហាង​នេះ​មាន​លក់​នូវ​នំ​បញ្ចុក​ពិសេស​៤​មុខ​ ដូច​ជា​ នំ​បញ្ចុក​សម្ល​ប្រហើរ នំបញ្ចុក​សម្ល​ការី​ត្រី​ នំ​បញ្ចុក​កំពត​ និង​នំបញ្ចុក​ការី​កោះ​កុង។ អ្នក​ទទួល​ទាន​នឹង​មិន​ខក​បំណង​នោះ​ទេ​ ព្រោះ​នំ​បញ្ចុក​ទាំង​នោះ​សុទ្ធ​តែ​ចេញ​ពី​ស្នាដៃ​យ៉ាង​ចំណាន​របស់​ម្ចាស់​ហាង​ដែល​មាន​ដើម​កំណើត​មក​ពី​ទឹក​ដី​កោះ​កុង​។
​អី​ចឹង​បើ​ចង់​ញុំា​នំ​បញ្ចុក​កោះ​កុង​ មិន​ចាំ​បាច់​ជិះ​ឡាន​ទៅ​ដល់​ខេត្ត​កោះ​កុង​ទេ​ គ្រាន់​តែ​ទៅ​ហាង​ “នំ​បញ្ចុក​កោះ​កុង​” អ្នក​នឹង​ទទួល​បាន​រសជាតិ​ដើម​ពី​ខេត្ត​កោះ​កុង​ពិតៗ ហើយ​មាន​កន្លែង​អង្គុយ​ញុំា​យ៉ាង​ស្រួល​ខ្លួន​ទៀត​ផង។
ហាង​នេះ​ចាប់​បើក​ដំណើរ​ការ​​ពី​ម៉ោង​ ៧ព្រឹក​ដល់​៧​យប់។ ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ ​ក៏​មាន​សេវាកម្ម​ដឹក​ជញ្ជូន​ដល់​ផ្ទះ​ទៀត​ផង ដោយ​គ្រាន់​តែ​អ្នក​​ទូរសព្ទ​ទៅ​លេខ​ ០១២ ២១១ ១១០/​០៩៧ ២០៦​ ៩៩៩៩៕