ភ្លា-សាកនឿណាមតុក
តើអ្នកចង់សាកល្បងប្តូររសជាតិទៅភ្លក់អាហារថៃដែរឬទេ? សប្តាហ៍នេះ បើអ្នកមិនបានទៅកម្សាន្តនៅកន្លែងណាទេ និងចង់សាកល្បងធ្វើអាហារនៅផ្ទះ Sabay សូមណែនាំមុខម្ហូបមួយមុខដែលមានឈ្មោះថា “នឿណាមតុក”។ ខាងក្រោមនេះគឺជាវិធីចម្អិននឿណាមតុក ដែលណែនាំដោយ នាយិកាប្រចាំមជ្ឈមណ្ឌលបណ្តុះបណ្តាលធ្វើនំនិងម្ហូបKSK។
គ្រឿងផ្សំម្ហូបនេះរួមមាន សាច់គោ ទឹកស៊ីអ៊ីវ ប្រេងខ្យង ម្ទេសខ្មាំង ម្ទេសដៃនាង អង្ករលីង ស្ករស ទឹកត្រី ខ្ទឹមស ខ្ទឹមក្រហម ស្លឹកខ្ទឹម ជីរណា ជីអង្កាម និងក្រូចឆ្មារ។
របៀបធ្វើ សាច់គោហាន់ជា២ៗធ្នាប់ រួចយកទៅអាំងជាមួយទឹកស៊ីអ៊ីវ និងប្រេងខ្យង។ អាំងពី៥ទៅ១០នាទី។ ម្ទេសខ្មាំងហាន់ខ្លីៗ ខ្ទឹមសចិញ្ច្រាំឲ្យល្អិត ខ្ទឹមក្រហមហាន់បន្ទះស្តើងៗ ឯស្លឹកខ្ទឹម និងជីរណាហាន់ខ្លីៗ។ បន្ទាប់មកយកសាច់គោអាំងទៅលាយគ្រឿង មានស្ករស ម្ទេសខ្មាំង អង្ករលីង ទឹកត្រី ខ្ទឹមសចិញ្ច្រាំ ខ្ទឹមក្រហម និងទឹកក្រូចឆ្មារ។
ច្របល់ឲ្យចូលជាតិគ្នាឲ្យសព្វ រួចដួសដាក់ចាន រោយស្លឹកខ្ទឹម ជីរណា ជីអង្កាម និងលម្អដោយម្ទេសដៃនាងជាការស្រេច។ ម្ហូបនេះអាចញ៉ាំផ្ទាល់ជាមួយបាយក៏បាន ឬក៏ផ្ទាប់ជាមួយអន្លក់ទៀតរឹតតែធ្វើឲ្យម្ហូបនេះមានឱជារសឈ្ងុយ ឆ្ងាញ់ពិសារ។
Post a Comment