ឆា-សាក មីញាំហឹរ

1
មី​មួយ​ចាន​  មាន​សរសៃ​​ដ៏​ទន់​ស្វិត​ លាយឡំ​ជាមួយ​សាច់​ និង​បន្លែ​ជា​ច្រើន​មុខ​ បង្កប់​រសជាតិ​ជាច្រើនបែប ​ដូចជា​ សាច់​ជ្រូក​ចិញ្ច្រាំ ហតដក សាច់​មឹក កញ្ឆែត​ ខ្ទឹម​បារាំង ស្ពៃ​ក្ដោប​ជាដើម​ ​ពិសេស​ទឹក​កាពិ​ឆា និង​គ្រឿង​តុងយ៉ាំ​ គូបផ្សំ​និង​រសជាតិ​ហឹរ បាន​ធ្វើ​ឲ្យ​មី​ញាំ​មួយ​ចាន​​ក្លាយ​​ជា​អាហារ​​​​​មិន​អាច​បំភ្លេច​បាន។
ភាគច្រើន​យុវវ័យ​ល្បី​ៗ​ត​គ្នា ថា មី​ញាំ​ហឹរ គឺ​ជា​អាហារ​របស់​ប្រទេស​ថៃ ប៉ុន្តែ​បើ​តាម​​អ្នក​ស្រី ផន សុខា (ហៅ​បង​ថា) ​ ម្ចាស់​ហាង​នេះ និង​ជា​អ្នក​ច្នៃប្រឌិត​​អាហារ​នេះ​ បាន​ឲ្យ​ដឹង​ថា ​អ្នក​ស្រី​ធ្លាប់​ទៅ​ប្រទេស​ថៃ​មែន ប៉ុន្តែ​មី​ញ៉ាំ​របស់​ជនជាតិ​ថៃ គ្រាន់តែ​ដូចគ្នា​ត្រង់​ហឹរ​ប៉ុណ្ណោះ​ ចំណែក​ឯ​គ្រឿង​ផ្សំ​ជា​ច្រើន​មុខ​ ត្រូវ​បាន​​អ្នក​ស្រី​កែច្នៃ​បង្កើត​​​ដោយ​ខ្លួន​ឯង​ ដូចជា​កាពិ​ឆា​ លាយ​គ្រឿង​ផ្សំ​មួយ​ចំនួន ពិសេស​គឺ​ គ្រឿង​តុង​យ៉ាំ​ថ្មី​ ដែល​មិន​អាច​រក​បាន​ខាង​ក្រៅ​ពី​ហាង​របស់​អ្នក​ស្រី​ទេ។
​រយៈ​ពេល​២​ឆ្នាំ​កន្លង​មក​នេះ មី​ញាំ​បាន​ទទួល​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ ​ពី​សំណាក​យុវវ័យ​មក​ពី​គ្រប់​ទិសទី ពិសេស​និស្សិត​តែ​ម្ដង​ ព្រោះ​រៀងរាល់​ល្ងាច​ចាប់​ពី​ម៉ោង​៤​រសៀល​ទៅ យុវវ័យ​ទាំង​ក្រុម​ៗ​​មក​ញ៉ាំ​ ​គឺ​សឹង​តែ​រក​កន្លែង​អង្គុយ​​គ្មាន។ បើ​តាម​​​អ្នក​ស្រី​​ម្ចាស់​ហាង​ ក្នុង​១​ថ្ងៃ​ មាន​ភ្ញៀវ​​ចន្លោះ​ពី​២០០ ទៅ​៣០០​នាក់​ មក​ញ៉ាំ​មី​ញាំ​ ​ដោយ​ចំនួន​នេះ​មិន​បាន​គិត​បញ្ចូល​​អ្នក​ដែល​​ទិញ​ខ្ចប់​យក​ទៅ​ផ្ទះ​ឡើយ​។
ក្រៅ​ពី​មី​ញាំ​ មិត្ត​យុវវ័យ​ក៏​អាច​កុម្ម៉ង់​ មី​សួរ​ញាំ ឬ​ នំបញ្ចុក​ញាំ ដែល​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​ៗ ពី​គ្នា​ដែល​មាន​តម្លៃ​ចាន​តូច ៤០០០​រៀល ចាន​កណ្ដាល​៥០០០រៀល ចាន​ធំ(​ឌុប​សាច់​ ឌុប​មី) ៧០០០រៀល​ ក្រៅ​ពី​នេះ ហាង​បង​ថា​មី​ញាំ ក៏​មាន​លក់​ តែ​បៃ​តង​ និង​ភេសជ្ជៈ​ជា​ច្រើន​​មុខទៀត​ផង​ដែរ។
ហាង​បង​ថា មី​ញ៉ាំ ​ស្ថិត​នៅ​​តាម​បណ្ដោយ​ផ្ទះ​លេខ ១៤១ ផ្លូវ ១៣៦ សង្កាត់​ផ្សារ​កណ្ដាល​ទី​២ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ឬ អាច​ទាក់ទង​ទូរសព្ទ 012 833​ 994 /023​ 6600013៕