ស្ងោរ-ស្ពៃក្ដោបទ្រង់គ្រឿង ឆ្ងាញ់
ចុងសប្ដាហ៍នេះ តើអ្នកមានគម្រោងធ្វើម្ហូបអ្វីដែរ? សប្ដាហ៍នេះ Sabay សូមបង្ហាញម្ហូបមួយមុខដែលមានឈ្មោះថា “ស្ពៃក្ដោបទ្រង់គ្រឿង” ដែលវិធីធ្វើណែនាំដោយ នាយិកានៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធ្វើនំ និងម្ហូប KSK។
ម្ហូបមួយមុខនេះគឺងាយស្រួលធ្វើ ហើយមានឱជារសប្លែកឈ្ងុយឆ្ងាញ់ទៀត ផង។ គ្រឿងផ្សំដែលអ្នកត្រូវការរួមមាន សាច់ជ្រូក ស្ពៃក្ដោប ស្លឹកគូឆាយ ម្រេច ខ្ទឹមស ស្ករស ស្លឹកខ្ទឹម ជីវ៉ាន់ស៊ុយ ប្រេង ស៊ុបខ្នរ និងទឹកស៊ីអ៊ីវ។
វិធីធ្វើ គឺចិញ្ច្រាំខ្ទឹមសឲ្យល្អិត ចិញ្ច្រាំ ឬកិនសាច់ជ្រូក ហាន់ជីវ៉ាន់ស៊ុយ និងស្លឹកខ្ទឹមឲ្យខ្លីៗ បន្ទាប់មកដាក់ក្នុងចានគោមជាមួយគ្នា បន្ទាប់មកដាក់គ្រឿងដូចជាស្ករស ម្រេច និងស៊ុបខ្នរ។ ច្របល់ចូលគ្នាឲ្យសព្វ រួចពូតជាដុំប៉ុនៗមេជើង។ លាបប្រេងក្នុងចានបន្តិច ហើយយកសាច់ពូតនោះដាក់ក្នុងចានយកទៅចំហុយប្រហែលជា១០នាទី។
ដោយឡែក ស្ពៃក្ដោបកាត់ធាងចេញ យកតែស្លឹកលាងទឹកឲ្យស្អាត ហើយយកទៅស្រុសជាមួយផ្កាគូឆាយប្រហែល១នាទី។ បន្ទាប់មកយកទៅត្រាំទឹកកក ឬក្លាស់សេ។ ធ្វើបែបនេះដើម្បីឲ្យវានៅស្រស់និងស្រួយល្អ។ បើចង់ឲ្យវាកាន់តែស្រួយល្អ ត្រូវត្រាំ ឬក្លាស់សេឲ្យយូរ។
យកស្ពៃក្ដោបនោះ រុំពីក្រៅសាច់ជ្រូក ហើយចងដោយស្លឹកគូឆាយ។ ដាក់ខ្ទះឲ្យក្ដៅ រួចចាក់ប្រេងចូល បន្ទាប់មកដាក់ស្ពៃនោះបំពង២នាទី។ ចុងក្រោយស្រង់ដាក់ចាន ហើយចុចជាមួយទឹកស៊ីអ៊ីវជាការស្រេច។
ពេលញុំា អ្នកនឹងមានអារម្មណ៍ថាវាមានក្លិនឆ្ងុយនៅក្នុងសាច់ ហើយសំបកស្ពៃខាងក្រៅស្រួយឆ្ងាញ់ជាប់មាត់។ សាកល្បងចម្អិនម្ហូបនេះដើម្បីចែករំលែករសជាតិថ្មីឈ្ងុយឆ្ងាញ់ដល់ ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់អ្នក៕
Post a Comment