ចៀន-នំគូឆាយ ទឹកត្រីជូរអែម

1
នំ​មួយ​ដែល​ត្រូវ​បាន​ចៀន​ឡើង​ក្រហម​មាន​សម្បក​ស្រួយ​ៗ សាច់​នំ​ទន់​ស្វិត​ ជាមួយ​ស្លឹក​គូឆាយ​​ជា​ច្រើន យក​ទៅ​ជ្រលក់​ជាមួយ​ទឹកត្រី​ជូរអែម​ ធ្វើ​ឲ្យ​មិត្ត​យុវវ័យ​ ញ៉ាំ​អស់​មួយ​គ្រាប់​ហើយ​ ចង់​ញ៉ាំ​ថែម​មួយ​គ្រាប់​ថែម​ទៀត​មិន​ខាន​ នោះ​​គឺ​នំ​គូឆាយ​ចៀន ដែល​ជា​អាហារ​សម្រន់​មួយ​បែប​ កំពុង​ពេញ​និយម​សម្រាប់​មនុស្ស​គ្រប់​វ័យ​។
ចុងសប្ដាហ៏​​នេះ Sabay ​សូម​ណែនាំ​​តូប​នំ​គូឆាយ ហេង ហ៊ាង ដែល​ជា​កន្លែង​ល្បី​មាន​​គូឆាយ​ឆ្ងាញ់​ និង​តម្លៃ​សមរម្យ ឈជើង​ជាង​២០​ឆ្នាំ​ ព្រោះ​ការ​ផលិត​​ផ្ចិតផ្ចង់​ចេញ​ពី​អង្ករ​ប្រភេទ​លេខ​១ ធ្វើ​ឲ្យ​ផ្នែក​ខាង​ក្រៅ​សាច់​នំ​ស្រួយ និង​​ខាង​ក្នុង​ស្វិត​ ហើយ​មាន​រសជាតិ​ឆ្ងាញ់​ជាប់​មាត់​តែ​ម្ដង​។
បើ​តាម​ម្ចាស់​តូប​នេះ​បាន​ឲ្យ​ដឹង​ថា គូឆាយ​របស់​គាត់ មិន​ត្រឹម​ផលិត​លក់​ផ្ទាល់​ត្រឹម​៤០០​គ្រាប់​ក្នុង​មួយ​ថ្ងៃ​នោះ​ គឺ​មាន​ផលិត​សម្រាប់​បោះ​ដុំ​ឲ្យ​អ្នក​លក់​តាម​​ហាង​ផ្សេង​ៗ​ផង​ដែរ។ សព្វថ្ងៃ​នេះ​ គូឆាយ​លក់​ក្នុង​មួយ​គ្រាប់​តម្លៃ​១៥០០​រៀល មាន​៣​ប្រភេទ គឺ​ប្រភេទ​ជ្រុង​ ​ផលិត​ឡើង​ដោយ​សាច់​គូឆាយ ​និង​បន្លែ​លាយ​ចូល​គ្នា​ជា​សាច់​មួយ​ ចំណែក​គូឆាយ​មូល​វិញ​ គឺ​​សម្បក​វា​ជា​សាច់​នំ ចំណែក​ឯ​ស្នូល គឺ​ជា​បន្លែ​គូឆាយ​ ឬ​ស្នូល​ប៉ិកគក់​ប៉ុន្តែ​ប្រភេទ​មូល​ គឺ​ពេញ​និយម​ខ្លាំង​ជាង​គេ។
ក្រៅ​ពី​នេះ តូប​នំ​គូ​ឆាយ​ហេង ហ៊ាង ក៏​មាន​លក់​លតឆា ទឹកដូង​ខ្ចី ញ៉ាំ​មិន​ឆាប់​ទ្រលាន់​ឡើយ ​។ តូប​នំ​គូ​ឆាយ​ហេង ហ៊ាង ស្ថិត​ផ្ទះ​លេខ ៤៦២ បណ្ដោយ​ផ្លូវ​ម៉ៅសេទុង (ចន្លោះ​ពី​ស្តុប​ទេពផន ទៅ​ស្តុប​សន្ធរម៉ុក) ទល់​មុខ​មន្ទីរ​សម្ភព​វ៉ាន់នីដា សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ​ ឬ​អាច​ទំនាក់ទំនង​ទូរសព្ទ​លេខ​ ០១២ ៧៨ ៣០ ៩០/ ០៩៣ ៩០២ ៩០២ ។