ឆា-មីទាញចិនពេញនិយមភ្ញៀវខ្មែរ
ភ្នំពេញ : ស្ថិតនៅតាមដងវិថីព្រះមុនីវង្ស ចុះពីស្ដុបពេទ្យចិនប្រមាណជា២រយម៉ែត្រ ភោជនីយដ្ឋានចិនមួយយីហោ «មីទាញ» តែងតែមានសភាពអ៊ូអរជានិច្ច ជាមួយនឹងវត្តមានភ្ញៀវបរទេស និងខ្មែរមិនដាច់ឡើយ។
ចូលទៅខាងក្នុងហាង លោកអ្នកប្រាកដជាមានអារម្មណ៍ថា ហាក់កំពុងធ្វើដំណើរកម្សាន្តទៅលេងទីក្រុងចិនឆាយណាថោន នៅបរទេសដូច្នោះដែរ ដោយសារតែការតុបតែង និងបញ្ជីមុខម្ហូបត្រូវបានសរសេរជាភាសាចិន និងអង់គ្លេស មិនមានអក្សរខ្មែរមួយតួណាសោះ។ សូម្បីតែអ្នករត់តុ និងអ្នកគិតលុយក៏ទាក់ទងគ្នាជាភាសាចិនដែរ។
ក្រោយពីចូលអង្គុយនៅតុភ្ញៀវនឹងទទួលការស្វាគមន៍ដោយទឹកតែ ក្ដៅៗឥតគិតថ្លៃ មុននឹងត្រូវសម្រេចចិត្តថាកុម្ម៉ង់មីប្រភេទណា។ មីទាញ ជាទូទៅមានសរសៃធំៗ ហើយស្វិត។ វាត្រូវបានគេវាយបំបែកម្សៅមួយដុំធំ ឲ្យក្លាយសរសៃមីភ្លាមៗ ដូចក្នុងរឿងភាពយន្ត ចុងភៅទេវតារបស់ហុងកុងដែរ។
ភ្ញៀវដែលមកទទួលទានអាចមានជម្រើសកុម្ម៉ង់យកសាច់ទា គ្រឿងក្នុងជ្រូក ឬគាវ ដើម្បីទទួលទានជាមួយមីទឹកស៊ុប ដែលមានបន្លែស្ពៃ ឬស្ពៃជូរតាមចំណូលចិត្ត។ ក្រៅពីមីស៊ុប នៅហាង «មីទាញ» ក៏មានមីឆា គាវចំហុច ឬគាវបំពងលក់ផងដែរ។ រសជាតិអាហារនៅទីនេះ ជាទូទៅគឺជារសជាតិដើមរបស់ចិន ដែលមានលក្ខណៈខុសពីគុយទាវចិនធម្មតានៅភ្នំពេញ។
មីទាញ អាចទទួលទានដោយបន្ថែមទឹកស៊ីអ៊ីវជូរ ម្ទេសឆ្អើរ និងគ្រឿងគ្រៅផ្សេងៗដែលមានលើតុស្រាប់។ តម្លៃអាហារនៅទីនេះគឺមួយចានចាប់ពី១,៥ដុល្លារឡើងទៅ៕
Post a Comment