បំពង-សាច់ជ្រូកបីជាន់បំពងម្សៅពោត
ភ្នំពេញ : ស្ថិតនៅលើវិថីប៉ាស្ទ័រ ហានី កាហ្វេមានការតុបតែងលក្ខណៈអាស៊ីកាត់អឺរ៉ុប។ ដោយគ្រាន់តែចូលទៅដល់បរិវេណខាងក្នុងភ្លាម យើងនឹងឃើញអាងទឹកពណ៌ខៀវស្រងាត់នៅចំកណ្ដាលហាង ដែលហ៊ុមព័ទ្ធទៅដោយរុក្ខជាតិបៃតង និងដើមផ្កានានា។ តុអាហារតូចៗត្រូវបានរៀបចំនៅជុំវិញអាងទឹក ដោយជ្រកក្រោមម្លប់ឆត្រពណ៌សគួរជាទីមនោរម្យក្នុងការក្រេប ភេសជ្ជៈ និងទទួលទានអាហារ។
ថ្វីដ្បិតតែមានស្លាកយីហោថាជាហាងកាហ្វេក្ដី ប៉ុន្តែហាង ហានី កាហ្វេ មានបម្រើសេវាម្ហូបអាហារជាច្រើនមុខមិនចាញ់ភោជនីយដ្ឋានទូទៅនោះ ទេ។ មុខម្ហូបដែលមានតុល្យភាពបន្លែ និងសាច់ហើយមើលទៅគួរឲ្យទាក់ទាញនោះគឺ «សាច់ជ្រូកបីជាន់បំពងម្សៅពោត» ដែលយើងទទួលទានជាមួយនឹងដំឡូងបារាំងម៉ដ្ឋ ព្រមទាំងបន្លែដទៃទៀត។
គ្រឿងផ្សំអាហារនេះងាយស្រួលក្នុងការរកទិញណាស់។ ដើម្បីចម្អិនវា លោកអ្នកត្រូវការសាច់ប៊េកខិន (Bacon) ឬសាច់ជ្រូកបីជាន់ ម្សៅពោត ពងមាន់ ឈីស ដំឡូងបារាំង ប៉េងប៉ោះ ផ្កាខាត់ណាបៃតងប្រូខូលី ម្ទេសប្លោកក្រហម និងផ្លែអូលីវ។
ក្នុងដំណាក់កាលចម្អិន ដំបូងត្រូវយកសាច់ជ្រូកបីជាន់មករុំជាមួយនឹងបន្ទះឈីស រួចយកទៅប្រលាក់ជាមួយម្សៅពោត។ គោះពងមាន់ចម្រាញ់យកស៊ុតផ្នែកពណ៌ក្រហម រួចយកទៅជ្រលក់ជាមួយសាច់ជ្រូកដែលរុំឈីស និងម្សៅពោតរួច។ យកដុំសាច់ទៅបំពងឲ្យឆ្អិនល្មម។ បន្ទាប់មកយកដំឡូងបារាំងទៅស្ងោរចំហុយ ហើយយកស្លាបព្រាកិនឲ្យម៉ដ្ឋ រួចយកទៅរៀបចំដូចរូបភាព ខាងលើនេះជាការស្រេច។ សាច់ជ្រូកបីជាន់បំពងម្សៅពោតនេះមានតម្លៃប្រមាណ៤ដុល្លារក្នុង១ ចាន៕
Post a Comment