ញាំ-ខ្យង បន្លែស្រស់

1
កាន់​តែ​មាន​អារម្មណ៍​ថា​ អាហារ​បែប​ស្រុកស្រែ​ពិត​ប្រាកដ  ព្រោះ ម្ហូប​ញាំ​ខ្យង គេ ​ឃើញ​​​ច្រើន​​​តែ​មាន​នៅ​ទី​ជនបទ​ប៉ុណ្ណោះ​ តែ​​នៅ​ពេល​​នេះ​ ​ត្រូវ​បាន​ភោជនីយដ្ឋាន​ភូមិ​ម្ហូប​ខ្មែរ​ ​ យក​មក​ដាក់​លើ​តុ ​បម្រើ​ដល់​សេចក្ដី​ត្រូវ​ការ​របស់​អតិថិជន​​។
បើ​យោង​តាម​អ្នក​គ្រប់គ្រង​នៅ​ភូមិ​ខ្មែរ​ បាន​ឲ្យ​ដឹង​ថា មុខ​ម្ហូប​ញាំ​ខ្យង​នេះ ​អាច​ចាត់​ទុក​ជា​គ្រឿង​ក្លែម​​ក៏​បាន​ ឬ​​ចាត់​ទុក​ជា​​ម្ហូប​ក៏​បាន​ ដោយ​មាន​រសជាតិ​ជូរ​​​​ និង​​ហិល​តិច​ៗ​ចេញ​មក​ពី​​​ម្ទេស​ប្លោក​ ​គួប​ផ្សំ​នឹង​​ក្លិន​ក្រអូប​តិច​ៗ ​ចេញ​ពី​ ជីរណា​​ ព្រម​ទឹក​ជ្រលក់​ដែល​មាន​គ្រឿង​ផ្សំ​ពិសេស​ទៀត​នោះ​  ​ធ្វើ​ញាំ​​ខ្ចង​ ឈ្ងុយ​ជាប់​មាត់​​​តែ​ម្ដង​។
ដូច​អ្វី​ដែល​អ្នក​បាន​ដឹង​រួច​មក​ហើយ​ អាហារ​នៅ​ភូមិ​ម្ហូប​ខ្មែរ ផ្ដល់​សេវា​ខ្ពស់​លើ​អនាម័យ​ ដូច្នេះ​ញាំ​ខ្យង​១​ចាន​នេះ ​កើត​ចេញ​ពី​ភាព​សម្រិតសម្រាំង​បំផុត​ ដូចជា​ ខ្យង ​ត្រូវ​បាន​រើស​យក​ប្រភេទ​លេខ​១ ហើយ​​វិធី​ធ្វើ​គឺ​យក​ខ្យង​មក​លាង​ឲ្យ​ស្អាត​ ទើប​យក​ទៅ​ចំហុយ​ និង​ឆ្កឹះ​សាច់​ចេញ​ពី​សំបក​នៅ​ពេល​វា​ឆ្អិន​។
មុខ​ម្ហូប​ខាង​លើ​នេះ​ត្រូវ​បាន​ចុងភៅ​ របស់​ភូមិ​ម្ហូប​ខ្មែរ​លើក​ឡើង​ថា ​បាន​ទទួល​ការ​ពេញ​និយម​មែនទែន​ពី​សំណាក់​អតិថិជន​ ​ដោយសារ​តែ​ការ​ចម្អិន​ប្រកប​ដោយ​អនាម័យ​ត្រឹមត្រូវ ​និង​គ្រឿង​ផ្សំ​ប្រកប​​ដោយ​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ មិន​អាច​បំភ្លេច​បាន​ បូក​ផ្សំ​ជាមួយ​បន្លែ​ស្រស់​ៗ​ ក្លា​សេ​ត្រជាក់ស្រេប​ ធ្វើ​ឲ្យ​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ទ្វេ​​ឡើង។
គ្រឿង​ផ្សំ​៖​ មាន​ សាច់​ខ្យង​ ម្ទេសប្លោក​ ខៀវ​និង​ក្រហម​ ​ម្ទេស ខ្ទឹម​ស ខ្ទឹម​ក្រហម​ សណ្ដែក​គួរ​ ទឹក​ក្រូចឆ្មារ ជីរណា ​និង​ គុល​ស្លឹក​គ្រៃ​៕