ភ្លា-រសជាតិប្លែកនៃភ្លាសាច់គោ

1
នេះជាម្ហូប ផ្សំពីសាច់ឆៅ ច្របាច់ក្រូចឆ្មារ បន្ថែម​ដោយ​ជាតិជូរ​របស់ស្ពឺ​ ជាតិ​ចត់ៗ​នៃ​ចេកខ្ចី ក្លិនក្រអូបរបស់ខ្ទឹម និងក្លិនឈ្ងុយនៃល្ងលីង។
ម្ហូបម្យ៉ាងដែលមានពណ៌ឆើតចម្រុះគ្នាទាក់ទាញភ្នែក
-គ្រឿងផ្សំ
សាច់កូនគោ ចេកខ្ចី ស្ពឺខ្ចី ខ្ទឹមបារាំង ខ្ញី ខ្ទឹមក្រហម ឃីនឆាយ គ្រឿងគ្រៅ ក្រូចឆ្មារ ម្ទេស ស្ករ អំបិល ម្រេច ល្ង។
-របៀបធ្វើ
ខ្ទឹមបារាំងហាន់ស្ដើងៗ លាយនិងទឹកក្រូចឆ្មារ លាយស្ករស។ ខ្ទឹមក្រហមបកសម្បក​ហាន់ស្ដើងៗ ​បំពង​និង​ប្រេងឆា ហើយ​ស្រង់ឡើងទុក​មួយ​អន្លើ។ ខ្ញីចិត​សម្បក​ហើយ​ហាន់​សរសៃ​តូចៗ​។ ល្ងលីង​ឱ្យ​ឈ្ងុយ។ ចេកខ្ចី ស្ពឺខ្ចីកាត់ទទឹងៗ ស្ដើងៗត្រាំជាមួយ​គ្នា ក្នុង​ទឹក​ត្រជាក់​ (កុំឱ្យ​វាខ្មៅ​សម្បុរ​) ​ហើយ​ស្រង់ឡើង​ទុក​មួយ​អន្លើ ឃីនឆាយកាត់ខ្លីៗល្មមហូប។ សាច់គោហាន់​តូចៗ​ល្មមៗ​មាត់​ ច្របាច់ក្រូចឆ្មារឱ្យ​ជូរពូតច្របាច់ឱ្យ​បាត់ក្លិនឆ្អាប។ លាយសាច់គោនិងចេក ស្ពឺ ខ្ញី បង់អំបិល ស្ករ មេ្រច​ល្មមៗ​តាម​ចូលចិត្ដ។ លាយឱ្យ​សព្វ​ទុក ១៥នាទី​ក្រោយ លាយ​ឃីនឆាយ​ថែមចូល។ ពេលហូបដួសដាក់ចាន រោយ​ម្ទេស​ហាន់​និងល្ងលីង ពី​លើជាមួយ​ខ្ទឹមបំពង។
អាហារមួយ​មុខ​នេះ ​ត្រូវ​មាន​ជាតិ​ជូរ​ដើម្បី​កាត់​សាច់​ឆៅ។ វាជាម្ហូប​ឆៅ​មិន​អាច​ទុក​យូរ​បាន​ទេ។ អាច​ច្រលក់​អំបិលមេ្រច​ក្រូចឆ្មារ​ ឬទឹកត្រី​ម្ទេស ហើយ​ហូបផ្ទាប់​និង​​នំ​បង្កង​បំពង​ក៏​បាន៕