ឆា-មាន់ឆារសជាតិកូកាកូឡា

1
បុគ្គលិក​ល្មុត​ទុំ​បង្ហាញ​ម្ហូប​​មាន់ឆា​ប្រៃ​ផ្អែម​កូកា​​។
ភ្នំពេញៈ ជម្រាប​សួរ​! មិត្ត​អ្នក​អាន​ជា​ទី​មេត្រី សប្ដាហ៍​នេះ ភ្នំពេញ ប៉ុស្ដិ៍​សូម​នាំ​លោក​អ្នក​ទៅ ភោជនីយដ្ឋាន​ល្មុត​ទុំ ដើម្បី​បង្ហាញ​នូវ​វិធី​ធ្វើ​ម្ហូប​សាមញ្ញ​មួយ​មុខ​ដែល​លោក​អ្នក​នឹង​សរសើរ​ មិន​ដាច់​ពី​មាត់​ថា ឆ្ងាញ់​ជា​មិន​ខាន។ នោះ​គឺ​មាន់​ឆា​ប្រៃ​ផ្អែម​កូកា ដែល​អាច​ទទួល​ទាន​ជាមួយ​បាយ ឬ​ប្រើ​ជា​ម្ហូប​ក្លែម​ឲ្យ​ផ្អែម​មាត់​ក៏​បាន។
ដោយ​សារ​តែ​មុខ​ម្ហូប​នេះ​មិន​តម្រូវ​ឲ្យ​មាន​គ្រឿង​ផ្សំ​អ្វី​ស្មុគ​ ស្មាញ​លោក​អ្នក​ក៏​អាច​ស្វែង​យល់​ពី​វិធី​ធ្វើ​ងាយៗ​ដូច​ខាង​ក្រោម ដើម្បី​សាក​ល្បង​ចម្អិន​ឲ្យ​ក្រុម​គ្រួសារ​បាន​ភ្លក្ស​ស្នាដៃ​ដ៏​ឆ្ងាញ់​ ពិសា​របស់​លោក​អ្នក​ផង​ដែរ។
គឿង​ផ្សំ : សាច់​មាន់ ឃិន​ឆាយ ខ្ទឹម​ស ម្ទេស សាលាដ ប្រេង​ឆា ប្រេង​ខ្យង ស្លឹក​គ្រៃ ស្ករស ប៊ីចេង អំបិល ទឹកត្រី និង​ទឹក​ក្រូច​កូកាកូឡា។
វិធី​ចម្អិន : ដំបូង​ត្រូវ​យក​សាច់​មាន់​ទៅ​លាង រួច​កាត់​ជា​កូន​ដុំ​តូចៗ​ទុក​ឲ្យ​ស្រស់​ទឹក។ បន្ទាប់​មក​ត្រូវ​ដាក់​ប្រេង​ក្នុង​ខ្ទះ ហើយ​បំពង​ខ្ទឹម​ស​ចិញ្ច្រាំ​ចូល​ឲ្យ​ឈ្ងុយ រួច​សឹម​ចាក់​សាច់​មាន់​ចូល​រំលីង​ឲ្យ​ឆ្អិន​ក្រៀម​ល្មម។
ចាប់​ផ្ដើម​ដាក់​គ្រឿង​ផ្សំ​រសជាតិ ដូច​ជា​ប្រេង​ខ្យង ស្ករស ប៊ីចេង អំបិល និង​ទឹក​ត្រី​ក្នុង​បរិមាណ​តិច​តួច​បំផុត​មុន​នឹង​ចាក់​ទឹក​ក្រូច​កូកាកូឡា​ ចូល​ប្រមាណ​២-៣​ស្លាប​ព្រា។
ដំណាក់​កាល​ចុង​ក្រោយ បន្ថែម​ម្ទេស និង​ស្លឹក​គ្រៃ​បន្តិច រួច​ដួស​ដាក់​ចាន​ដែល​មាន​ទ្រាប់​សាលាដ មុន​នឹង​រោយ​ស្លឹក​ឃិន​ឆាយ​ឲ្យ​មាន​ក្លិន​ឈ្ងុយ​នោះ​ជា​ការ​ស្រេច។
បើ​មិន​សូវ​មាន​ពេល​ទំនេរ​ចូល​ផ្ទះ​បាយ​ចម្អិន​ដោយ​ខ្លួន​ឯង​នោះ លោក​អ្នក​ក៏​អាច​ទៅ​ទទួល​ទាន​អាហារ​មាន់​ឆា​ប្រៃ​ផ្អែម​កូកា​នេះ​នៅ​ ភោជនីយដ្ឋាន​ល្មុត​ទុំ ដែល​ស្ថិត​នៅ​ផ្ទះ​លេខ​១៩​ផ្លូវ​លេខ​៩៥ កែង​ផ្លូវ​៣៨៦ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​ចម្ការ​មន ឬ​ទាក់​ទង​ទូរស័ព្ទ​លេខ​០១២ ៧៥ ៩០ ៩៥៕