ចៀន-នំគូឆាយញ៉ាំដោយខ្លួនឯង
នំគូឆាយគឺជាអាហារសម្រន់ដ៏ពេញនិយមមួយនៅប្រទេសកម្ពុជា
តម្លៃរបស់វាអាចផ្ដើមពី៥០០រៀលរហូតដល់២៥០០រៀលឯណោះក្នុងនំ១ អាស្រ័យទៅលើទំហំ រសជាតិ និងកេរ្តិ៍ឈ្មោះរបស់កន្លែងផលិតវា។
ប្រសិនបើលោកអ្នកចង់សាកល្បងធ្វើនំគូឆាយដោយខ្លួនឯងនោះ វាមិនមែនជាការលំបាកអ្វីទេ ព្រោះអាហារនេះទាមទារគ្រឿងផ្សំមិនច្រើនមុខឡើយ ហើយដំណើរការចម្អិនក៏មិនស្មុគស្មាញដែរ។ អ្វីដែលលោកអ្នកត្រូវការនោះគឺម៉ាស៊ីនក្រឡុក និងឡដុតអគ្គិសនី ម៉ៃក្រូវេវ។
ចំណែកឯគ្រឿងផ្សំវិញ លោកអ្នកត្រូវការតែអង្ករខ្សាយ អង្ករដំណើប ស្លឹកគូឆាយនិងប្រេងឆា។ លោកអ្នកក៏អាចប្រើសាច់ជ្រូកបីជាន់ និងសណ្ដែកដី នៅក្នុងបញ្ជីគ្រឿងផ្សំផងដែរ ប្រសិនបើចង់ឲ្យនំគូឆាយនោះមានរសជាតិកាន់តែប្លែក។
វិធីធ្វើនំគូឆាយធម្មតាគឺដំបូងត្រូវយកអង្ករទាំងពីរប្រភេទទៅ លាង ហើយអង្ករ លាយដំណើបតិចតួចទៅក្នុងម៉ាស៊ីនក្រឡុកឲ្យម៉ដ្ឋ។ យកល្បាយខាប់នៃអង្ករនោះទៅលាយជាមួយស្លឹកគូឆាយដែលហាន់ជាកង់ៗ តូចៗ រួចយកទៅដាក់ក្នុងថាសរាបស្មើ ដើម្បីចំហុយក្នុងម៉ៃក្រូវេវ។ នៅពេលដែលឆ្អិន លោកអ្នកអាចយកវាទៅចៀនប្រេងដើម្បីទទួលទានជាមួយទឹកត្រីផ្អែមហឹរ ក៏បាន។
វិធីមួយទៀត លោកអ្នកអាចយកល្បាយខាប់នៃអង្ករទៅលាយជាមួយស្លឹកគូឆាយ សណ្ដែកដីកិន និងសាច់ជ្រូកបីជាន់ចិញ្ច្រាំ រួចបន្ថែមអំបិលនិងម្សៅស៊ុបបន្តិចចូល មុននឹងយកវាទៅចំហុយនៅក្នុងម៉ៃក្រូវេវ។ នៅពេលរួចរាល់យកនំគូឆាយនោះទៅចៀនប្រេងទទួលទានដោយមិនចាំបាច់ ជ្រលក់ទឹកត្រីទេ៕
Post a Comment