សម្ល-បាយការីគោកសាច់មាន់

1
បាយការីគោក​សាច់មាន់ នៅ​ភោជនីយដ្ឋាន​ឌីប្លូផាំឃីន
ភ្នំពេញ : ហាង​ឌីប៊្លូ​ផាំឃីន ដែល​ពី​មុន​ធ្លាប់​ជា​ហាង​ដុត​នំ​ធ្វើ​នំ​និង​ជា​ហាង​ការ៉េម​នោះ​ទើប​តែ​ សម្ពោធ​សាខា​ថ្មី​របស់​ខ្លួន​ក្រោម​រូបភាព​ជា​ហាង​នំ​ផង និង​ភោជនីយដ្ឋាន​ផង។
នៅ​ភោជនីយដ្ឋាន​ថ្មី​នេះ បញ្ជី​រាយ​នាម​អាហារ​ក៏​មាន​មុខ​ម្ហូប​អាស៊ី​ដូច​ជា​ខ្មែរ ចិន វៀតណាម និង​អាហារ​បស្ចិម​ប្រទេស​បែប​អ៊ីតាលី និង​បារាំង ជាដើម។
ក្រៅ​ពី​ម្ហូប​អាហារ ឌីប៊្លូ​ផាំឃីន សាខា​ថ្មី​ក៏​មាន​លក់​ភេសជ្ជៈ និង​ស្រា​ក្រឡុក​សម្រាប់​ទទួល​ទាន​អម​ជាមួយ​នឹង​អាហារ​ទាំង​៣​ពេល​ផង​ដែរ។
ក្នុង​ចំណោម​មុខ​ម្ហូប​ថ្មីៗ​ជា​ច្រើន បាយ​ការី​គោក​សាច់​មាន់ គឺជា​ប្រភេទ​អាហារ​អាស៊ី ដែល​ស័ក្ដិសម​សម្រាប់​ទទួល​ទាន​នា​ពេល​អាហារ​ថ្ងៃ​ត្រង់។
អាហារ​នេះ​រួម​មាន​បាយ និង​ម្ហូប​ដែល​គេ​ឆា​សាច់​មាន់​ជាមួយ​ម្ទេស​ហាវ៉ៃ ម្នាស់ ប៉េងប៉ោះ ស្លឹក​ខ្ទឹម ជាមួយ​គ្រឿង​ការី។ អាហារ​នេះ​មាន​លក្ខណៈ​ប្លែក​ពី​ការី​ទូទៅ ទាំង​ក្លិន និង​រសជាតិ​តែ​ម្ដង។
បាយ​ការី​គោក​សាច់​មាន់​នេះ​ក៏​មិន​ខុស​ពី​អាហារ​ដទៃ​ដែរ​គឺ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ប្រមាណ​ជា​៥​ដុល្លារ។
លោក ទ្រីស្តាន អគ្គ​នាយក​របស់​ឌីប៊្លូ​ផាំឃីន បាន​និយាយ​ថា ហាង​របស់​លោក​មាន​គោល​ការណ៍​សំខាន់ៗ​ផ្ដោត​ទៅ​លើ​ការ​បម្រើ​អាហារ​ស្រស់ៗ​ ក្នុង​បរិយាកាស​ទទួល​ទាន​ពណ៌​សក្បុស ស្រស់​ថ្លា ជាមួយ​នឹង​តម្លៃ​ដូច​មុន។
លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «ហាង​នេះ​បើក​ដំបូង​ក្នុង​ឆ្នាំ​២០០០​នៅ​ខេត្ត​សៀមរាប​ដែល​មាន​ចុង​ភៅ​ធ្វើ​ នំ​ដ៏​ល្បី​គឺ​លោក អាណូត ឃឺថាត និង​ភរិយា​របស់​គាត់​ជា​មេចុង​ភៅ​ឈ្មោះ ហ្ស៊ូ»។
ជាមួយ​នឹង​ភាព​ជោគជ័យ ឌីប៊្លូ​ផាំឃីន​បាន​បើក​សាខា​ជា​ច្រើន​នៅ​សៀមរាប​និង​រាជធានី​ភ្នំពេញ​ដូច​ ជា​នៅ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ ហាង​សៀវភៅ​ម៉ូញូវ​មេនប៊ុក អាកាស​យានដ្ឋាន​ម្ដុំ​ផ្សារ​ទួលគោក​និង​សង្កាត់​បឹង​កេងកង។
លោក​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ឌីប៊្លូ​ផាំឃីន ក៏​មាន​គម្រោង​បើក​បន្ថែម​នៅ​បណ្ដា​ខេត្ត​នានា​ដូច​ជា​កំពង់ចាម។ សាខា​ឌីប៊្លូ​ផាំឃីន​ដែល​ទើប​បើក​ថ្មី​នេះ​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​បឹង ​កេង​កង​១ កែង​ផ្លូវ​លេខ​៥៧​៕