ចៃយ៉-នំគ្រក់

1
១- គេ​ដាក់ឈ្មោះថា នំគ្រក់ នេះ ដើម្បី​កុំអោយ​ច្រឡំ​គ្នា ជាមួយ​នំអំបែងដទៃៗ ទៀត ដោយ​មូលហេតុ សាមញ្ញ ទីមួយ គឺ ពេលណា គេ​ចាក់​ម្សៅ ចូលក្នុង​អំបែង​ក្តៅ ដែលមាន​លាប ខ្លាញ់​រលោង នំ​នេះ បានអោយ សម្លេង សូរ​ឈី​វ ហើយក៏​ពុះ គ្រក់ៗ លុះ​នំ​បាន​កក ឆ្អិន​បន្តិច​ហើយ តែ​នៅ​ឆៅ​កណ្តាលបន្តិចៗ គេ​ចាប់​គាស់​នំ​ចេញពី រន្ធ​អំបែង​មួយ ទៅ​ផ្គួប​ផ្គុំ ជាមួយ​នំ នៅក្នុង​រន្ធ​អំបែង មួយទៀត រួច​គេ​ក៏​បង្វិល ប្រអប់​នំ សាចុះសាឡើង អោយ​ឆ្អិន​សព្វ អោយ​ក្រហម​ស្រួយ ផ្នែក​សំបក​ក្រៅ តែ​ទន់​ឈ្ងុយឆ្ងាញ់ នៅ​សាច់​ខាងក្នុង។
២- មតិចាស់ៗមួយចំនួនទៀត បាន​មានប្រសាសន៍ថា ពាក្យ​ហៅ​នំគ្រក់​នេះ គឺ​បានក្លាយ​មកពី គ្រាមភាសា ប្រើ​ជា​ប្រជា ប្រិយ ក្នុងភូមិ​ស្រុក ជា​ប្រយោគ​ពេញ ថា នំអំបែង​គ្រក់ ដែលមាន​ពាក្យ គ្រក់ ជា​ភាសា​កម្លា​យ មកពី​ពាក្យ​គ្រលាស់ ថា “គ្រក់​ម៉ោ​ប្លោក ក្រោក​ម៉ោ​ភ្លក្ស” ព្រោះ​នំ​នេះ​គេ​ច្រើន​ធ្វើ ពេលព្រឹក​ព្រហាម សល់​បាយកក​ពី​ល្ងាច មិនដឹង​ធ្វើ​អី​អោយ​ឆ្ងាញ់ ក៏​បង្កើត​ការបង់​ក្លាយ​បាយកក មកជា​នំគ្រក់​ចាក់​អំបែង ដ៏​ឆ្ងាញ់​ពិសារ​នេះ ដើម្បី​ទាក់ទាញ​មនុស្ស អោយ​ក្រោកពីដំណេក មកជួប​ជុំគ្នា ឆី​លេង​ជុំ​គ្រួសារ និង ជុំ​ញាតិ យ៉ាង​សប្បាយ​អឺងកង។
៣- បន្ថែម​ពីលើ​នេះ​ទៀត មានមតិចាស់ៗមួយចំនួន​ដទៃទៀត បាន​មានប្រសាសន៍ ជាពិសេស​ថា កាល​ជំនាន់​ដើម ខ្មែរ​យើង​មាន​ជំនឿ​មួយ ដែល​ខ្មែរ​ជឿតៗគ្នា​ថា ប្រទេស​ខ្មែរ​មាន​អារក្ស​មួយ ជា​អ្នករក្សា​គ្រប់គ្រង​ទឹកទន្លេ និង ដី​វាលទំនាប ជុំវិញ​ទន្លេសាប។ អារក្ស​នេះ មាន​ឈ្មោះថា គ្រក់ មាន​មាឌធំ ក្បាលពោះ​កំពីង ស៊ី​ច្រើន ហើយ​ចូលចិត្ត​ដេក​ស្រមុក ឮសូរ គ្រក់ៗ លាន់​ខ្ទ័រ​ទឹកទន្លេ។ ជា​ប្រក្រតី នៅពេល​មាន បុណ្យទានម្តងៗ អ្នកស្រុក​តែង​យក​ចំណី អាហារ​ទៅ​សែនព្រេន នៅ​រោង​អារក្ស​ទន្លេ​នេះ ដើម្បី​សុំ​សុខ កុំអោយ​អារក្ស បង្ក​ទឹកជំនន់ ខ្យល់ព្យុះ បោកបក់ លិច​ខ្ទម​អ្នកស្រុក​ក្រីក្រ ដែល​រស់នៅ​តំបន់​ដី​ទំនាប ទាំងឡាយ។ នៅ​រដូវ​ទឹក​ឡើង អ្នកស្រុក​អ្នកភូមិ ដែល​រស់នៅ​ទន្លេ ភាគច្រើន ពុំ​សូវ​មាន​ស្រូវ​អង្គរ គ្រប់គ្រាន់ នឹង​បរិភោគ​ឡើយ ព្រោះ​ពួកគេ​រស់នៅ តំបន់​ទឹក​លិច មានការ​ធ្វើដំណើរ ទៅណា​មក​ណា​ពិបាក។ រីឯ​ស្រូវ​ជង្រុក ជួន កាល​ក៏ត្រូវ​ទឹកជំនន់ បំផ្លាញ​អស់ ពុំ​សូវ​មាន​អ្វី​បរិភោគ​គ្រប់គ្រាន់​ឡើយ ក្រៅពី​សាច់​ត្រី។ លុះ​នៅពេល​បុណ្យ​ភ្ជុំម្តងៗ អ្នក ស្រុក​ក្រីក្រ​ខ្លះ ពុំមាន​អង្ករ​គ្រប់គ្រាន់ សម្រាប់​វេច​នំ យកទៅ​សែនព្រេន អារក្ស​រក្សា​ទន្លេ ដើម្បី​ធ្វើបុណ្យ​ជូន​ដូនតា អោយ បាន​ដូច​គេ ក៏​បបួល​នាំគ្នា​បំភ្លៃ រចនា រសជាតិ​បាយកក ដោយ​កិន​លាយ​ម្សៅ ដាក់​ខ្ទិះដូង ចាក់​ផាត់​ជា​នំអំបែង តម្រៀប​ក្នុង​ជាល​រពាក់ ទ្រាប់​ស្លឹកចេក រួច​យកទៅ​សែនព្រេន ថ្វាយ​ដូនតា និង វិញ្ញាណ​សក្តិ​សិទ្ធិ ដែល​នៅ​រក្សា​ទន្លេ។ នៅ​សម័យ បុរាណ​នោះ អ្នកស្រុក​តែងតែ និយម​ហៅ​នំ​នេះ​ថា នំអំបែង​សែន​អារក្ស​គ្រក់។ ចំណេរតៗ យូរលង់​ក្រោយមក នំ​នេះ បាន​ត្រូវគេ​ហៅ​កាត់​ថា នំគ្រក់ៗ យ៉ាង​ប្រជាប្រិយ​ទៅវិញ។